អ្នក​ប្រដាល់​កម្ពុជា​ ៣ រូប សេន​ ប៊ុនថេន , ម៉ឺន សុភា និង ឡៅ ចន្ទ្រា ​នឹង​​ចេញ​ទៅ​​ប្រកួត​​នៅ​​ប្រទេស​​បារាំង​

644

អ្នកប្រដាល់ល្បីឈ្មោះកម្ពុជាចំនួន៣រូប សេន ប៊ុនថេន , ម៉ឺន សុភា និង ឡៅ ចន្ទ្រា នឹងចេញដំណើរទៅកាន់ប្រទេសបារាំងនាដំណាច់ ខែ មករា ឬដើមខែកុម្ភៈខាងមុខនេះដើម្បីប្រកួតជាមិត្តភាពទល់អ្នកប្រដាល់បរទេសនៅទីនោះ។ នេះជាការចេញទៅប្រកួតមួយដែលសហព័ន្ធកីឡាប្រដាល់កម្ពុជាកំពុងតែសុំការអនុញាតពីក្រសួងអប់រំយុវជន និងកីឡា។

 

3-Khmer-Boxing

កម្ពុជាត្រៀមដាក់ប្រដាល់ក្បាច់បុរាណខ្មែរទៅក្នុងការប្រកួតកីឡា SEA Gamesឆ្នាំ ២០២៣ ហេតុនេះពេលនេះសហព័ន្ធកំពុងតែបង្កើនការផ្សព្វផ្សាយពីកីឡាប្រដាល់បុរាណខ្មែរនេះទៅលើឆាកអន្តរជាតិដើម្បីឲ្យគេស្គាល់ហើយពេលនេះសហព័ន្ធប្រដាល់នឹងស្វែងរកការគាំទ្រដើម្បីបង្កើតឲ្យបាននូវសហព័ន្ធអន្តរជាតិនៃក្បាច់ប្រដាល់បុរាណខ្មែរ។

 

លោក មិុល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាបានឲ្យដឹងថានេះជាការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិប៉ុណ្ណោះមិនមានការប្រកួតដណ្ដើមខ្សែក្រវាត់អ្វីនោះទេ។ អ្នកប្រដាល់កម្ពុជា ៣ រូបដែលត្រូវចេញទៅប្រកួតនោះមាន សេន ប៊ុនថេន ក្លិបតាព្រហ្មមានជ័យ ម៉ឺន សុភា សមាគមប្រដាល់ក្រសួងការពារជាតិ និង អ្នកប្រដាល់ ឡៅ ចន្ទ្រា នៃក្លិបទ័ពឆ័ត្រយោង៩១១ ។
ការចេញទៅប្រកួតនេះមិនមានមន្ត្រីសហព័ន្ធណាម្នាក់ដឹកនាំទៅនោះទេ តែខាងសមាគមមួយនៅប្រទេសបារាំងជាអ្នកដឹកនាំយកទៅតែម្ដង ។ ម្យ៉ាងវិញទៀតមិនដឹងថាកីឡាករកម្ពុជាត្រូវជួបប្រកួតជាមួយកីឡាប្រទេសណាខ្លះនោះឡើយ ។ ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាមានប្រសាសន៍ថានេះជាការប្រកួតមិត្តភាពជាមួយក្លិបប្រដាល់មួយនៅប្រទេសបារាំងដែលក្លិបនោះក៏ជាសមាជិករបស់សហព័ន្ធប្រដាល់កម្ពុជានៅប្រទេស បារាំងដែរ ៕

អត្ថបទ: ឆន សំណាង

Comments